មន្ត្រី​រដ្ឋាភិបាល​អះអាង​ថា ការ​ជីក​ព្រែក​ហ្វូណន​ជា​សិទ្ធិ​អធិបតេយ្យ​របស់​កម្ពុជា គ្មាន​ការ​ចាំ​បាច់​បំភ្លឺ​គ្រប់​រឿង​ដល់​វៀតណាម​ទេ

ដោយ ខាន់ លក្ខិណា
2024.04.15
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

មន្ត្រី​រដ្ឋាភិបាល​អះអាង​ថា ការ​ជីក​ព្រែក​ហ្វូណន​ជា​សិទ្ធិ​អធិបតេយ្យ​របស់​កម្ពុជា គ្មាន​ការ​ចាំ​បាច់​បំភ្លឺ​គ្រប់​រឿង​ដល់​វៀតណាម​ទេ

បណ្ឌិត សុខ ទូច ប្រធាន​រាជបណ្ឌិត្យសភា​កម្ពុជា។ Photo: RFA


មន្ត្រី​ជំនាញ​របស់​រដ្ឋាភិបាល លើក​ឡើង​ថា ការ​សាង​សង់​ព្រែក​ជីក​ហ្វូណន  គឺ​ជា​សិទ្ធិ​អធិបតេយ្យ​របស់​កម្ពុជា ហើយ​គ្មាន​ការ​ចាំ​បាច់​ទៅ​បំភ្លឺ​គ្រប់​រឿង​ដល់​វៀតណាម​នោះ​ទេ ខណៈ​អ្នក​ឃ្លាំមើល​ថា ភាគី​វៀតណាម​កំពុង​កកូរ​កម្ពុជា មិន​ឱ្យ​សង់​ព្រែក​ជីក​ហ្វូណន មិន​ឱ្យ​សាងសង់​ព្រែក​ជីក​ហ្វូណន។

ការ​អះអាង​នេះ បន្ទាប់​ពី​វៀតណាម​ថា ខ្លួន​នឹង​ស្នើ​ឱ្យ​កម្ពុជា​ចែក​រំលែក​ព័ត៌មាន ទាក់ទង​នឹង​គម្រោង​ព្រែក​ជីក​ហ្វូណន​តេជោ។


ប្រធាន​រាជបណ្ឌិត្យសភា​កម្ពុជា ​បណ្ឌិត សុខ ទូច ប្រាប់​វិទ្យុ​អាស៊ី​សេរី នៅ​ថ្ងៃ​ទី១៥ ខែមេសា ថា ការ​សាង​សង់​ព្រែក​ជីក​ហ្វូណន​នៅ​លើ​ទឹក​ដី​ប្រទេស​កម្ពុជា គឺ​ជា​សិទ្ធិ​អធិបតេយ្យ​របស់​កម្ពុជា ហើយ​កម្ពុជា​បាន​ផ្ដល់​ឯកសារ​ទៅ​ឱ្យ​គណៈកម្មការ​ទន្លេ​មេគង្គ​រួច​ហើយ រីឯ​សម្រាប់​ប្រទេស ក្នុង​ប្រព័ន្ធ​ទន្លេ​មេគង្គ​វិញ កម្ពុជា​គ្រាន់​តែ​ត្រូវ​ជូន​ដំណឹង​ប្រាប់ ក៏​គ្រប់​គ្រាន់​ហើយ​ដែរ ដូច្នេះ​ប្រទេស​កម្ពុជា មិន​ចាំ​បាច់​ទៅ​បំភ្លឺ​គ្រប់​រឿង ប្រាប់​ភាគី​វៀតណាម​នោះ​ទេ។

បណ្ឌិត សុខ ទូច អះអាង​ថា ករណី​កម្ពុជា​ផ្ដល់​ឯកសារ​ទៅ​គណៈកម្មការ​​ទន្លេ​មេគង្គ​នោះ គឺ​ធ្វើ​តាម​ច្បាប់ និង​ក៏​មាន​ន័យ​ថា ប្រទេស​កម្ពុជា​បាន​ការ​អនុញ្ញាត​ពី​គណៈកម្មការ ឱ្យ​សាង​សង់​ព្រែក​ជីក​ហ្វូណន​នេះ​ដែរ ហេតុ​នេះ បើ​វៀតណាម​ចង់​ដឹង​ព័ត៌មាន​បន្ថែម គួរ​តែ​ទៅ​សួរ​គណៈកម្មការ​ទន្លេ​មេគង្គ។

លោក​បញ្ជាក់​ថា បញ្ហា​សង់​ព្រែក​ជីក​ហ្វូណន​នេះ កម្ពុជា​មិន​ត្រូវ​ការ​ដោះស្រាយ​អ្វី​ជាមួយ​វៀតណាម​ឡើយ ពីព្រោះ​កម្ពុជា​គោរព​តាម​ច្បាប់​គណៈកម្មការ​ទន្លេ​មេគង្គ ហើយ​បើ​កម្ពុជា​ទៅ​ដោះស្រាយ​ជាមួយ​វៀតណាម នោះ​មាន​ន័យ​ថា កម្ពុជា​នៅ​ក្រោម​រហូត ខណៈ​គ្រា​កន្លង​មក វៀតណាម​បាន​ជីក​ព្រែក​ជា​ច្រើន ដើម្បី​​ផល​ប្រយោជន៍​វៀតណាម មិន​ដែល​បាន​ប្រាប់​ឱ្យ​កម្ពុជា​ដឹង​ផង​ទេ។

បណ្ឌិត សុខ ទូច៖ «យើង​ផ្ដល់​ទៅ​គណៈកម្មការ​ទន្លេ​មេគង្គ​អស់​ហើយ អ៊ីចឹង​វៀតណាម​ចង់​បាន​អី​ទៅ​យក​នោះ​ទៅ ប៉ុន្តែ បើសិន​វៀតណាម​ចង់​ឱ្យ​លុយ​មក​ជួយ​ជីក ហើយ​ខ្លួន​ឯង​មក​វិនិយោគ បាន​ខ្លួន​ឯង​មក​មើល​គម្រោង​ធំ​បន្ទាប់​ពី​កម្ពុជា។ បើ​អ្នក​ឯង​មិន​មក​វិនិយោគ​ផង ហើយ​អ្នក​ឯង​មក​ចង់​បាន មាន​ន័យ​ថា ម៉េចសូម្បី​គម្រោង​យើង​ជួល​គេ​ធ្វើ​គម្រោង ក៏រាប់​លាន​ដែរ ហេតុ​អ្វី​អ្នក​ឯង​ចង់​បាន​គម្រោង​ធំ ពី​ខ្ញុំ​ងាយៗ ម្លេះប្លង់​មេ​ខ្ញុំ​ងាយៗ»

បណ្ឌិត សុខ ទូច លើក​ឡើង​ថា ព្រែក​ជីក​ហ្វូណន ផ្ដល់​ផល​ប្រយោជន៍​ច្រើន​ដល់​កម្ពុជា ពាក់ព័ន្ធ​នឹង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម ជា​ពិសេស ធ្វើ​ឱ្យ​កម្ពុជា​រួច​ផុត​ពី​ការ​ខ្ចី​ដង្ហើម​វៀតណាម​ដក ក្នុង​វិស័យ​ដឹក​ជញ្ជូន​តាម​ផ្លូវ​ទឹក ហើយ​អាច​សម្រួល​ឱ្យ​កម្ពុជា មាន​សក្ដានុពល​ប្រកួត​ប្រជែង​ទីផ្សារ​ជាង​សព្វ​ថ្ងៃ។

បណ្ឌិត សុខ ទូច៖ «ខ្ញុំ​បាន​ឃើញ​គម្រោង​នេះ គឺ​នៅ​ក្នុង​ដៃ​ខ្ញុំ អ៊ីចឹង​ខ្ញុំ​ឃើញ​ថា វា​មាន​សារៈសំខាន់​ណាស់ ហើយ​ប្អូន​ត្រូវ​ចាំ​ដឹក​នឹង​រទេះភ្លើង ៥ រទេះ បានៗ មួយ​កប៉ាល់ ១រយ​ឡាន​បានៗ មួយ​រទេះភ្លើង។ អ៊ីចឹង មើល​កន្លែង​ហ្នឹង ចំណុច​មួយ​ទៀត គឺ​ការ​ប្រកួត​ប្រជែង​ទីផ្សារ កាលណា​តម្លៃ​កាន់​តែ​ទាប ធ្វើ​ឱ្យ​យើង​មាន​ឱកាស​ប្រកួត​ប្រជែង​នៅ​លើ​ទី​ផ្សារ»។

ការ​លើក​ឡើង​របស់​លោក​បណ្ឌិត សុខ ទូច ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​មន្ត្រី​ជាន់​ខ្ពស់ ក្រសួង​ការ​បរទេស​វៀតណាម ដែល​ស្នើ​ឱ្យ​ភាគី​កម្ពុជា​សហការ​ជិត​ដិត​ជាមួយ​ ប្រទេស​វៀតណាម និង​គណៈកម្មការ​ទន្លេ​មេគង្គ (MRC)។

យោង​តាម​សេចក្ដី​ដក​ស្រង់​របស់ ​សារព័ត៌មាន​អនឡាញវៀតណាម VN Express ផ្សាយ​កាល​ពី​ថ្ងៃទី១១ ខែមេសា មន្ត្រី​ជាន់ខ្ពស់​ក្រសួង​ការ​បរទេស​វៀតណាម ថ្លែង​ក្នុង​សន្និសីទ​ សារព័ត៌មាន​ក្នុង​ថ្ងៃ​ដដែល​នេះ​ថា វៀតណាម​ចាប់​អារម្មណ៍​ខ្លាំង​លើ​ព័ត៌មាន​អំពី​គម្រោង​ព្រែក​ជីក​ហ្វូណន​តេជោ។

សារព័ត៌មាន​រាយការណ៍​ថា វៀតណាម​ចង់​បាន​ការ​ចែក​រំលែក​ព័ត៌មាន​របស់​កម្ពុជា រួម​ទាំង​ការ​វាយ​តម្លៃ​លើ​ផល​ប៉ះពាល់​ពី​គម្រោង​នេះ ទៅ​លើ​ធនធាន​ទឹក​និង​ប្រព័ន្ធ អេកូឡូស៊ី ក្នុង​តំបន់​ដី​សណ្ដ​ទន្លេ​មេគង្គ ដើម្បី​ធានា​ផល​ប្រយោជន៍​នៃ​បណ្ដា​ប្រទេស​ជាប់​ដង​ទន្លេ​មេគង្គ និង​ពលរដ្ឋ​មូលដ្ឋាន។

ប្រធាន​ក្រុម​ប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត ប្រាប់​វិទ្យុ​អាស៊ី​សេរី នៅ​ថ្ងៃ​ទី១៥ ខែមេសា ថា វៀតណាម មិន​បាន​គិត​ពី​ផល​ប្រយោជន៍​ប្រទេស​ណា​ទេ ហើយ​តាម​ពិត​ល្បិច​របស់​វៀតណាម ដែល​ស្នើ​ឱ្យ​កម្ពុជា​ចែក​រំលែក​ព័ត៌មាន គឺ​ជា​ការ​ព្យាយាម​បង្ហាញ​ប្រពៃណី​របស់​វៀតណាម ដែល​មាន​ឥទ្ធិពល​ជា​ចៅហ្វាយ លើ​ក្រុម​មេ​ដឹក​នាំ​រដ្ឋាភិបាល​គណបក្ស​ប្រជាជន​កម្ពុជា។

លោក​ថា ភាគី​វៀតណាម​កំពុង​ប្រឹង​កកូរ​ទប់ស្កាត់​កម្ពុជា មិន​ឱ្យ​សាងសង់​ព្រែក​ជីក​ហ្វូណន ផង និង ធ្វើតេស្ត​ក្រុម​មេ​ដឹក​នាំ​គណបក្ស​ប្រជាជន​កម្ពុជា​ផង​ថា តើ​ពួកគេ​ នៅ​ស្មោះត្រង់​នឹង​បក្ស​កុម្មុយនិស្ត​វៀតណាម​ដល់​កម្រិត​ណា នៅ​ពេល​គម្រោង ព្រែក​ជីក​ហ្វូណន ធ្វើ​ឱ្យ​មេ​ដឹក​នាំ​រដ្ឋាភិបាល​កម្ពុជា​សព្វ​ថ្ងៃ កៀក​ចិន​ខ្លាំង​ឡើង។

លោក ម៉ែន ណាត លើក​ឡើង​ថា ករណី​ព្រែកជីក​ហ្វូណន​នេះ កម្ពុជា​ត្រូវ​តែ​ឈរ​ក្នុង​ជំហរ​ស្មើ​មុខ​គ្នា​ជាមួយ​វៀតណាម គឺ​មិន​ត្រូវ​ការ​រាយការណ៍​ឱ្យ​វៀតណាម​គ្រប់​រឿង ដូច​ផ្នត់​គំនិត​របស់​ពួក​មេ​ដឹក​នាំ​វៀតណាម ដែល​ចាត់​ទុក​កម្ពុជា នៅ​ក្រោម​បង្គាប់​របស់​គេ​ទេ។


លោក ម៉ែន ណាត៖ «យើង​មិន​ចែក​រំលែក​អត់​ដូច​ដែល​កន្លង​ទៅ ហ៊ុន សែន ហ៊ុន ម៉ាណែត ហ្នឹង​ទៅ​ប្រទេស​វៀតណាម​រាយការណ៍​រឿង​បោះ​បង្គោល​ព្រំដែន រឿង​ជន​អន្តោប្រវេសន៍​វៀតណាម​នៅ​កម្ពុជា​អី​ហ្នឹង រាយការណ៍​ឱ្យ​គេ​អស់ៗ មិន​គួរ​អស់ពី​ចិត្ត​ពី​ថ្លើម​អ៊ីចឹង​ពេក​ទេ។ បើ​កាលណា​អស់​ពី​ចិត្ត​ពី​ថ្លើម​ពេក វា​មិន​មែន​ន័យ​ថា យើង​ទំនាក់ទំនង​ក្នុង​គោល​ដៅ​ការ​ទូត​ស្មើ​មុខ​គ្នា​ទេ»។

ចំណែក​ឯ​សាស្ត្រាចារ្យ​នៃ​សាកល​វិទ្យាល័យ Arizona State University លោក អៀ សុផល យល់​ថា លទ្ធភាព​នៃ​ការ​សាង​សង់​ព្រែក​ជីក​ហ្វូណន​តេជោ នៅ​ចុង​ឆ្នាំ​នេះ គឺ​អាស្រ័យ​លើ​កត្តា​ជា​ច្រើន រួម​មាន កត្តា​ថវិកា កត្តា​ធានា​ការ​វាយ​តម្លៃ​ពី​ផល ប៉ះពាល់​បរិស្ថាន​និង​សង្គម ដែល​មាន​អំណោយ​ផល និង​ភាព​ឆ្លាត​វៃ​របស់​កម្ពុជា ឆ្លើយតប​នឹង​ភូមិសាស្ត្រ​នយោបាយ​ដ៏​ស្មុគស្មាញ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍។

កម្ពុជា​គ្រោង​នឹង​បើក​ការដ្ឋាន​សាង​សង់​ព្រែក​ជីក​ហ្វូណន​តេជោ ដែល​មាន​តម្លៃ ១ពាន់ ៧រយ​លាន​ដុល្លារ​នេះ នៅ​ចុង​ឆ្នាំ២០២៤។ គម្រោង​នេះ មាន​រយៈ​ពេល ៤ឆ្នាំ ហើយ​គ្រោង​នឹង​បញ្ចប់​ការ​សាង​សង់ នៅ​ឆ្នាំ២០២៨ ខាង​មុខ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

Leave a Reply

Submit Comment