ជម្លោះដីធ្លីខេត្តព្រះវិហារ៖ តុលាការសម្រេចដោះលែងពលរដ្ឋ២៨នាក់ឱ្យនៅក្រៅឃុំបណ្តោះអាសន្ន

កម្ពុជា
កម្ពុជា-សង្គម
16/04/2024 – 09:22
ដោយ៖ អោ ស្រីពេជ្រ
RFI

តុលាការខេត្តព្រះវិហារបានសម្រេចដោះលែងពលរដ្ឋ ២៨នាក់ដែលរងការចោទប្រកាន់ពីបទទន្ទ្រានចូលកាន់កាប់ដីរដ្ឋខុសច្បាប់ នៅស្រុកគូលែន។ លោកណុប វុធ្ធី អភិបាលរងខេត្តព្រះវិហារបានបញ្ជាក់នៅថ្ងៃទី១៦មេសា ឆ្នាំ២០២៤ នេះថា ការដោះលែងនេះដោយសារតែពួកគេបានសារភាពទទួលស្គាល់កំហុស និងឆ្លើយថា មានមេខ្យល់ញុះញង់បង្កឱ្យមានសកម្មភាពហិង្សាតបតជាមួយអាជ្ញាធរ។ តែលោកណុប វុធ្ធីមិនភ្លេចបន្ថែមថា ពួកគេទាំង២៨នាក់នៅតែស្ថិតនៅក្រោមការត្រួតពិនិត្យរបស់តុលាការ។

ជម្លោះដីធ្លីខេត្តព្រះវិហារ៖ តុលាការសម្រេចដោះលែងពលរដ្ឋ២៨នាក់ឱ្យនៅក្រៅឃុំបណ្តោះអាសន្ន


ក្រោយបញ្ចប់ការស៊ើបសួរ តុលាការខេត្តព្រះវិហារកាលពីថ្ងៃទី១២មេសា ឆ្នាំ២០២៤ បានសម្រេចដោះលែងពលរដ្ឋ ២៨នាក់ដែលរងការចោទ​ប្រកាន់ក្នុងបទទន្ទ្រានដីរដ្ឋខុសច្បាប់នៅស្រុកគូលែនឱ្យនៅក្រៅឃុំបណ្តោះអាសន្ន តែស្ថិតក្រោមការត្រួតពិនិត្យរបស់តុលាការ។ នេះបើតាមការបញ្ជាក់របស់លោក ណុប វុធ្ធី អភិបាលរងខេត្តព្រះវិហារនៅថ្ងៃទី១៦មេសា ឆ្នាំ២០២៤នេះ។

តាមលោកណុប វុធ្ធី ការដោះលែងពលរដ្ឋដែលមានជម្លោះដីធ្លីជាមួយអាជ្ញាធរទាំងនេះធ្វើឡើង  បន្ទាប់ពីពួកគេព្រមសារភាពទទួលស្គាល់កំហុស និងឆ្លើយថា សកម្មភាពហិង្សារបស់ពួកគេដែលប្រឆាំងតបតជាមួយអាជ្ញាធរកន្លងមក គឺដោយសារមានការញុះញង់ និងការចាញ់បោកមេខ្យល់។ ក្នុងន័យនេះ ពលរដ្ឋទាំង២៨នាក់បានសន្យានៅចំពោះមុខតុលាការឈប់ចូលរួមធ្វើសកម្មភាពល្មើសច្បាប់គ្រប់រូបភាពទាំងអស់ចាប់ពីពេលនេះតទៅ។ 

សូមជម្រាបជូនថា ចាប់ពីថ្ងៃទី១២មេសា ឆ្នាំ២០២៤ តុលាការខេត្តព្រះវិហារបាន សម្រេចចោទប្រកាន់ពលរដ្ឋ២៩នាក់ពីបទ «កាន់កាប់ ឈូសឆាយដីព្រៃ និងហ៊ុមព័ទ្ធកាន់កាប់ដីព្រៃ» នៅស្រុកគូលែន និងបានបញ្ជូនពួកគេទៅឃុំខ្លួនក្នុងពន្ធនាគារជាបន្តបន្ទាប់។

ក្រៅពីពលរដ្ឋទាំង២៩នាក់ សកម្មជនសិទ្ធិមនុស្ស  និងបរិស្ថាន លោកកើត សារ៉ាយ ក៏ត្រូវបានប៉ូលីសក្រុងភ្នំពេញចាប់ខ្លួនកាលពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ ក្រោយលោកបានបញ្ចេញមតិការពារពលរដ្ឋរឿងវិវាទដីធ្លីនៅខេត្តព្រះវិហារនេះ។ លោកកើត សារ៉ាយ ត្រូវបានចោទប្រកាន់ពីបទញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងបទមិនរាងចាលក្នុងបទមជ្ឈិមបន្ទាប់ពីការផ្តន្ទាទោសបទមជ្ឈិម។ តាមអាជ្ញាធរខេត្តព្រះវិហារ លោកកើត សារ៉ាយ បានទៅជួបសម្ភាសន៍ពលរដ្ឋដែលមានវិវាទដីធ្លីក្នុងស្រុកគូលែន ហើយបញ្ជូនរូបភាព និងវីដេអូទៅឱ្យប្រព័ន្ធផ្សព្វផ្សាយនៅក្រៅប្រទេសផ្សាយបន្ត។ ទង្វើរបៀបនេះរបស់លោក កើត សារ៉ាយ ត្រូវបានសមត្ថកិច្ចចាត់ទុកជាសកម្មភាពញុះញង់នាំឱ្យពលរដ្ឋខឹងសម្បារនឹងរដ្ឋាភិបាល។

ជម្លោះដីធ្លីខេត្តព្រះវិហារ៖តុលាការសម្រេចដោះលែងពលរដ្ឋ២៨នាក់ឱ្យនៅក្រៅឃុំបណ្តោះអាសន្ន
ជម្លោះដីធ្លីខេត្តព្រះវិហារ៖តុលាការសម្រេចដោះលែងពលរដ្ឋ២៨នាក់ឱ្យនៅក្រៅឃុំបណ្តោះអាសន្ន © មន្ទីរព័ត៌មានខេត្តព្រះវិហារ

គួររម្លឹកថា កាលពីថ្ងៃទី៦ មីនា​ ឆ្នាំ២០២៤  អាជ្ញាធរព្រះវិហារបានចុះប្រតិបត្តិការបង្ក្រាបរុះរើ និងដុតផ្ទះសម្បែងរបស់ពលរដ្ឋនៅឃុំស្រយង់ និងឃុំត្បែង២ ក្នុងស្រុកគូលែន។ ពលរដ្ឋជាង១០០នាក់បាននាំគ្នារារាំងប្រតិបត្តិការនេះរហូតឈានដល់ការផ្ទុះអំពើហិង្សាដោយប្រជាពលរដ្ឋបានប្រើប្រាស់ដបសាំង កាំបិត និងផ្គាក់ ហើយកម្លាំងសមត្ថកិច្ចក៏បានផ្ទុះអាវុធតបតវិញ។ តាមការចុះផ្សាយរបស់សារព័ត៌មាននៅក្រៅប្រទេស មានពលរដ្ឋជាង៣០នាក់ រួមទាំងកុមារផងបានរត់ចូលក្នុងព្រៃដើម្បីគេចពីតាមចាប់ខ្លួនរបស់អាជ្ញាធរខេត្តព្រះវិហារ។ ពួកគេបានព្រមានធ្វើអត្តឃាតជាក្រុម ប្រសិនបើសមត្ថកិច្ចមិនបញ្ឈប់តាមចាប់ខ្លួនពួកគេទេនោះ៕

What Next?

Recent Articles

Leave a Reply

Submit Comment