អ្នក​ជំនាញ​ថា​ទណ្ឌកម្ម​អន្តរជាតិ​លើ​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​មាន​ប្រសិទ្ធភាព​ខ្ពស់

នយោបាយ


រូបឯកសារ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចូលរួមឃោសនាបោះឆ្នោតនៅថ្ងៃចុងក្រោយនៃយុទ្ធនាការឃោសនា កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៨។


10 សីហា 2018
ម៉ែន គឹមសេង
វីអូអេខ្មែរ

ក្នុងពេល​ដែល​មាន​ការ​ព្រួយ​បារម្ភ​ទូទៅ​ថា ទណ្ឌកម្ម​ពី​សហគមន៍​អន្តរជាតិ​អាច​ប៉ះពាល់​ដល់​ពលរដ្ឋ​ក្រីក្រ​កម្ពុជា ​ដែល​រស់នៅ​ពឹង​អាស្រ័យ​លើ​ការងារ​រោងចក្រ​ដែល​ចិញ្ចឹម​ជីវិត​ប្រចាំខែ អ្នក​ឯកទេស​ខាង​ផ្នែក​សិទ្ធិ​មនុស្ស មើល​ឃើញ​ថា ការ​ដាក់​ទណ្ឌកម្ម​លើ​បុគ្គល​ម្នាក់ៗ​ ដែល​សហរដ្ឋ​អាមេរិក​កំពុង​ប្រើ​ប្រាស់​នឹង​មាន​ប្រសិទ្ធភាព​ចំពោះ​ថ្នាក់​ដឹកនាំ​កម្ពុជា​ ហើយ​នេះ​ជា​អ្វី​ដែល​ពួកគេ​កំពុង​តែ​ជំរុញ​សហគមន៍​អន្តរជាតិ​ឱ្យ​អនុវត្ត។

សហរដ្ឋ​អាមេរិក និង​សម្ព័ន្ធមិត្ត​របស់​ខ្លួន​ បាន​ចាត់ទុក​ការ​បោះឆ្នោត​របស់​កម្ពុជា​កាលពីចុងខែ​កក្កដា គឺ​ជា​ការ​បោះឆ្នោត​ក្លែង​ក្លាយ​ ដែល​មិន​តំណាង​ឱ្យ​ឆន្ទៈ​របស់​ពលរដ្ឋ​ទេ។ ទន្ទឹម​នឹង​នេះ​ សហរដ្ឋ​អាមេរិក​បាន​ព្រមាន​ពី​ការ​ដាក់​ទណ្ឌកម្ម​បន្ថែម​ទៀត ដូច​ដែល​បាន​ចាត់ការ​ម្តង​ហើយ​កាលពី​ចុងឆ្នាំ​២០១៧ គឺ​ទណ្ឌកម្ម​ទិដ្ឋាការ​លើ​មន្ត្រី​ជាន់​ខ្ពស់​ក្រសួងការបរទេស​កម្ពុជា និង​ក្រុម​គ្រួសារ។

ដោយ​ឡែក​សហគមន៍​អឺរ៉ុប​នៅ​មិន​ទាន់​សម្រេច​ចេញ​ជា​វិធានការ​ទណ្ឌកម្ម​អ្វី​ជាក់​លាក់​នៅឡើយ។ ប៉ុន្តែ​អ្វី​ដែល​អ្នក​តាមដាន​ចង់​ដឹង គឺ​ឋានៈពន្ធអនុគ្រោះ «រាល់មុខ​ទំនិញ​លើកលែង​តែ​អាវុធ‍» (EBA) ​ដែល​កម្ពុជា​ទទួល​បាន​ពី​សហគមន៍​អឺរ៉ុប​ ហើយ​កំពុង​ស្ថិតក្រោម​ការ​ពិនិត្យ​មើល។

ក្នុងពេល​ដែល​មាន​ការ​ព្រួយ​បារម្ភ​ទូទៅ​ថា ទណ្ឌកម្ម​ពី​សហគមន៍​អន្តរជាតិ​អាច​ប៉ះពាល់​ដល់​ពលរដ្ឋ​ក្រីក្រ​កម្ពុជា ​ដែល​រស់នៅ​ពឹង​អាស្រ័យ​លើ​ការងារ​រោងចក្រ​ដែល​ចិញ្ចឹម​ជីវិត​ប្រចាំខែ អ្នក​ឯកទេស​ខាង​ផ្នែក​សិទ្ធិ​មនុស្ស មើល​ឃើញ​ថា ការ​ដាក់​ទណ្ឌកម្ម​លើ​បុគ្គល​ម្នាក់ៗ​ ដែល​សហរដ្ឋ​អាមេរិក​កំពុង​ប្រើ​ប្រាស់​នឹង​មាន​ប្រសិទ្ធភាព​ចំពោះ​ថ្នាក់​ដឹកនាំ​កម្ពុជា​ ហើយ​នេះ​ជា​អ្វី​ដែល​ពួកគេ​កំពុង​តែ​ជំរុញ​សហគមន៍​អន្តរជាតិ​ឱ្យ​អនុវត្ត។

លោក​ប្រែដ អាដាម​ នាយក​ប្រចាំ​តំបន់​អាស៊ីនៃ​អង្គការ​ Human Rights Watch ​បាន​បញ្ជាក់​ប្រាប់​ដល់​សកម្មជន​សិទ្ធិ​មនុស្ស​នៃ​សហគមន៍​ខ្មែរ-​អាមេរិកាំង​ក្នុង​មហាសន្និបាត​មួយ​នៅ​រដ្ឋ​មិនីសូតា​ កាលពី​សប្តាហ៍​មុន​ថា៖​

«យើង​កំពុងតែ​ធ្វើ​កិច្ចការ​ពាក់​ព័ន្ធ​នឹង​ការ​ហាមឃាត់​ការ​ធ្វើ​ដំណើរ ​និង​ផ្អឹប​ទុក​ទ្រព្យ​សម្បត្តិ​របស់​ឧត្តមសេនីយ៍​ទុច្ចរិត​ទាំង​១២នាក់ ​និង​លោក​ហ៊ុន សែន​ និង​មនុស្ស​រាប់​សិប​នាក់​ទៀត ​ដែល​មាន​ប្រវត្តិ​រំលោភ​សិទ្ធិ​មនុស្ស​ និង​អំពើ​ពុករលួយ​ដូចគ្នា។ គោលដៅ​របស់​យើង​គឺ​ធ្វើ​ឱ្យ​របប​នេះ​នៅ​ឯការ​ ដើម្បី​ពួកគេ​ទទួល​ការ​ឈឺចាប់​ពី​អ្វី​ដែល​ពួកគេ​ទើបបាន​ប្រព្រឹត្ត‍»។​

ប្រទេស​កម្ពុជា​ពឹង​ពាក់​យ៉ាង​ខ្លាំង​លើ​ទីផ្សារ​នាំ​ផលិតផល​ចេញ​ទៅ​សហគមន៍​អឺរ៉ុប ​និង​សហរដ្ឋ​អាមេរិក ដែល​ការ​នាំចេញ​ក្នុង​មួយឆ្នាំៗ មាន​ទំហំ​ជាង​៨ពាន់​លាន​ដុល្លារ។ នេះ​បើ​តាម​តួលេខ​ក្នុង​ឆ្នាំ​២០១៧។ ទីផ្សារ​ដ៏ធំ​ជាង​គេ​របស់​កម្ពុជា​ គឺ​សហគមន៍​អឺរ៉ុប​ដែល​ទទួលទិញទំនិញ​ឧស្សាហកម្ម​កម្ពុជា​ចំនួន​៤,៨ពាន់​លាន​ដុល្លារ​ និង​កសិកម្ម​ចំនួន​១៨១លានដុល្លារ។ នៅ​សហរដ្ឋ​អាមេរិក​ទទួល​ទិញ​ទំនិញ​កម្ពុជា​ មាន​ចំនួន​ជាង​៣ពាន់​លានដុល្លារ។

ភាព​ស្រប​ច្បាប់​នៃ​រដ្ឋាភិបាល​កម្ពុជា​ដែល​កើត​ចេញ​ពី​ការ​បោះឆ្នោត​នេះ​ ក៏​ស្ថិតនៅ​ជា​សំណួរ​ផងដែរ​ នៅក្នុង​ក្រសែ​ភ្នែក​អន្តរជាតិ បើ​ទោះបី​ជាមន្ត្រី​កម្ពុជា​និង​គណៈកម្មាធិការជាតិ​រៀបចំ​ការ​បោះឆ្នោត​ចាត់​ទុក​ថា​ ការ​បោះឆ្នោត​នេះ​មិន​មែន​ដើម្បី​បំពេញ​ចិត្ត​បរទេស​ណា​ទេ។

​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន​ បាន​ផ្គើន​ទៅ​ឱ្យ​សហគមន៍​អន្តរជាតិ​ថា​ លោក​មាន​គម្រោង​នឹង​ទៅ​ថ្លែង​ការណ៍​នៅ​ទីក្រុង​ញូវយ៉ក​ នា​មហាសន្និបាត​អង្គការ​សហប្រជាជាតិ ​នៅ​ចុង​ខែ​កញ្ញា ​បើសិន​ជា​បង្កើត​រដ្ឋាភិបាល​ទាន់​ពេល​ ដើម្បី​បង្ហាញ​ថា​ រដ្ឋាភិបាល​របស់​លោក​មិន​ត្រូវ​ការ​ការ​ទទួលស្គាល់​ពី​អន្តរជាតិ​ទេ។ ​លោក​បាន​កំណត់​ឱ្យ​បង្កើត​រដ្ឋាភិបាល​នៅថ្ងៃទី​៦​ ខែ​កញ្ញា​ខាង​មុខ​នេះ។

«ដើម្បី​ពេល​ហ្នឹង​ ខ្ញុំ​នឹង​ទៅ​អង្គការ​សហប្រជាជាតិ។ ខ្ញុំ​មាន​ឱកាស​ទៅ​អង្គការ​សហប្រជាជាតិ​ទៅ​ថ្លែងការណ៍​នៅ​អង្គការ​សហប្រជាជាតិ​ឱ្យ​អ្នក​ឯងមើល ​ដើម្បី​ឱ្យ​ដឹង​ថា​រដ្ឋ​អធិបតេយ្យ​មួយ​ដែល​ធ្វើការ​បោះឆ្នោត​របស់​ខ្លួន​ តើ​មាន​តម្រូវ​ការ​ប្រថាប់ត្រា​ពី​អ្នកណា​ក្រៅពី​ព្រះមហាក្សត្រ​របស់​ខ្លួន?‍»

លោក​ហ៊ុន សែន​ ក៏​បាន​លាតត្រដាង​ពី​គម្រោង​ទៅ​ជួបប្រជុំ​ជាមួយ​នឹង​ថ្នាក់​ដឹកនាំ​សហគមន៍​អឺរ៉ុប នៅ​ខែ​តុលា​ផងដែរ​ ហើយ​បាន​ផ្គើន​ដល់​ពលរដ្ឋ​ខ្មែរ​រស់នៅ​សហគមន៍​អឺរ៉ុប​ ដែល​គំាំ​ទ្រ​គណបក្ស​សង្គ្រោះជាតិ​ឱ្យ​រង់ចាំ​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​លោ​កផង។​

«ប្រាប់​ផែនការ​ទុក​ឱ្យ​ហើយ​ដើម្បី​ឱ្យ​ដឹង​ការ​ធ្វើ​ដំណើរ​ទៅ​អឺរ៉ុប​ ហើយប្រមូល​គ្នា​មក។ ឥឡូវ​ហ្នឹង​មាន​ប្រទេស​មួយ​ចំនួន​ដែល​ជា​ម្ចាស់​ប្រទេស​គេ​ បាន​ធុញទ្រាន់​ជាមួយ​នឹង​ខ្មែរ​ធ្វើបាតុកម្ម​នៅ​ស្រុក​គេ​ ហើយ​អីចឹង​សូមបន្ត​ធ្វើ​បាតុកម្មទៅ»។​

រដ្ឋសភា​សហរដ្ឋ​អាមេរិក​បាន​ចាត់​ទុក​ថា​ ដំណើរ​ការ​បោះឆ្នោត​នៅកម្ពុជា​មិន​ស្រប​ច្បាប់​ទេ​ ហើយ​ក្នុងរយៈពេល​តែ​បីថ្ងៃ​មុន​ថ្ងៃ​បោះឆ្នោត​ រដ្ឋសភា​បាន​អនុម័ត​ជា​ឯកច្ឆ័ន្ទ​លើ​សេចក្តី​ព្រាង​ច្បាប់ស្តីពី​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​ ឬ​សេចក្តី​ព្រាងច្បាប់​លេខ​៥៧៥៤​ ដើម្បី​បង្កក​ទ្រព្យ​សម្បត្តិ និង​ហាមឃាត់​ទិដ្ឋាការ​មន្ត្រី​មួយ​ចំនួន​ដែល​បាន​ធ្វើ​ឱ្យ​ខូច​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា។ ក្នុងចំណោម​នោះ ​មាន​លោក​ហ៊ុន សែន​ កូនប្រុស​ស្រី​ខ្លះ​របស់​លោក​ និង​មន្ត្រី​ជិតស្និទ្ធ​មួយ​ចំនួន ដែល​មានដូច​ជា​លោក​ ឱម យិនទៀង​ ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ផង​ដែរ។

លោក ​អាឡាំង ​ឡូវឹនសល ​អ្នក​តំណាងរាស្រ្ត​សហរដ្ឋអាមេរិក​ប្រចាំ​រដ្ឋ​កាលីហ្វញ៉ា​បាន​ប្រាប់ ​វីអូអេ​ តាម​សារអេឡិកត្រូនិក​ថា ​រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន ​គ្មាន​ភាព​ស្រប​ច្បាប់​ដែល​អាច​នឹង​និយាយ​ជាមួយ​នឹង​រដ្ឋ​បរទេស​បានទេ។

លោក​បាន​បន្ថែម​ថា៖

«ការ​បោះឆ្នោត​នៅ​កម្ពុជា​កាលពីថ្ងៃអាទិត្យ​ គឺ​ជា​ការ​បោះឆ្នោត​ក្លែងក្លាយ។ វា​មិនមែន​ជា​ការ​សម្រេច​ដោយ​ឆន្ទៈ​របស់​ពលរដ្ឋ​ទេ។ វា​ត្រូវ​បាន​សម្រេច​ដោយ​លោក ​ហ៊ុន សែន ​ក្នុង​ខែ​វិច្ឆិកា ​នៅ​ពេល​ដែល​លោក​បាន​ហាមឃាត់​គណបក្ស​ប្រឆាំង​ដ៏​ពិត​ប្រាកដ​តែ​មួយ​គត់ ដើម្បី​ធានា​ការ​ក្តោប​ក្តាប់អំណាច​របស់​លោក‍»។​

លោក ​ឡូវឹនសល ដែលជា​អ្នក​បាន​គាំទ្រ​សេចក្តី​ព្រាង​ច្បាប់​លេខ​៥៧៥៤ បាន​ព្រមាន​ថា​ នឹង​មាន​ផលវិបាក​ដែល​សហរដ្ឋ​អាមេរិក ​និង​សហគមន៍​អឺរ៉ុប​ ដាក់​លើ​ប្រទេស​កម្ពុជា។ លោក​បាន​បន្ថែម​ថា៖

«គេ​បាន​សន្យា​នឹង​ពលរដ្ឋ​កម្ពុជា​ថា​ នឹង​រៀបចំ​ការ​បោះឆ្នោត​ដោយ​សេរី​ និង​ត្រឹមត្រូវ​ប៉ុន្តែ​ជំនួស​មក​វិញ​ ពួកគេ​បែរ​ជា​ទទួល​បាន​ការឆាក​សម្តែង​មួយ​ ដែល​រៀបចំ​ឡើង​ដោយ​ជន​ផ្តាច់ការ​ម្នាក់។ របប​របស់​គាត់​មិន​អាច​អះអាង​ពី​ភាព​ស្របច្បាប់​អ្វី​ទាំងអស់​ចំពោះ​ការ​បំផ្លាញចោល​ឆន្ទៈ​របស់​ពលរដ្ឋ​ទេ‍»។

សម្រាប់​សហរដ្ឋ​អាមេរិក​ ក្រៅពី​សេចក្តី​ព្រាង​ច្បាប់​លេខ​៥៧៥៤ គឺ​នៅ​មាន​សេចក្តីព្រាង​ច្បាប់​លេខ​២៤១២ ដែល​បាន​ស្នើឡើង​ដោយ​សមាជិក​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក​ចំនួន​ប្រាំ​រូប​ កាលពីថ្ងៃទី​៨ ខែកុម្ភៈ ឆ្នាំ​២០១៨។

សេចក្តីព្រាង​«ច្បាប់​ស្តីពី​ការ​ទទួល​ខុសត្រូវ​របស់​កម្ពុជា​ និង​ធ្វើឱ្យ​ការ​វិនិយោគ​ត្រឡប់​ដូច​ដើម​វិញ‍​ឆ្នាំ២០១៨»​ ហៅកាត់​ថា​ CARI Act ឬ​សេចក្តី​ព្រាង​ច្បាប់​លេខ​២៤១២ របស់​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក​ មាន​គោលដៅ​ដាក់ទណ្ឌកម្ម​ជន​ទាំងឡាយ​ណា​ដែល​ធ្វើ​ឱ្យ​ខូច​លទ្ធិ​ប្រជាធិបតេយ្យនៅកម្ពុជា​ ដោយ​ការ​បង្កក​ទ្រព្យ​សម្បត្តិ​ ហាមឃាត់​ទិដ្ឋាការ​ និង​ដាក់​លក្ខខណ្ឌ​លើ​ជំនួយ​ទៅ​កម្ពុជា​ ជំទាស់​រាល់​ការ​ផ្តល់​កម្ចី​ពី​ស្ថាប័ន​អន្តរជាតិ​ ហាមឃាត់​ការ​បង្វែរប្រាក់​បំណុល​ដែល​កម្ពុជាជំពាក់​សម្រាប់​បង្កើត​កម្មវិធី​ជំនួយ​សង្គ្រោះ​ និង​បង្កើន​ការ​ផ្សាយ​ឱ្យ​ពលរដ្ឋ​កម្ពុជា​បាន​ដឹង​ពី​ការ​ចូល​ពាក់ព័ន្ធ​របស់​ប្រទេស​ចិន​ ក្នុង​របប​វាលពិឃាត​ខ្មែរ​ក្រហម​ជាដើម។ សេចក្តី​ព្រាង​ច្បាប់​នេះ​ស្ថិត​នៅក្នុង​គណៈកម្មាធិការ​កិច្ចការបរទេស​នៃ​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក​នៅ​ឡើយ។​

សម្រាប់​សហគមន៍ខ្មែរ​កិច្ចការ​បន្ទាន់ ដែល​ពួកគេ​កំពុង​ធ្វើ​គឺ​ការជំរុញ​សេចក្តី​ព្រាង​ច្បាប់​លេខ​៥៧៥៤ ទៅ​ដល់​ព្រឹទ្ធសភា​សម្រេច​ឱ្យ​បាន​ចេញ​ជា​ច្បាប់ ក៏​ដូច​ជា​ជំរុញ​សេចក្តី​ស្នើ​ច្បាប់​របស់​ព្រឹទ្ធសភា​លេខ​២៤១២ ​ផង​ដែរ។

​លោក​ ខេន គីវ ដែល​រស់នៅរដ្ឋ​ម៉ារីឡែន បាន​គៀងគរ​សកម្មជន​ខ្មែរ​ដទៃ ​និង​ជនជាតិ​អាមេរិកាំង​ដទៃទៀត​ឱ្យ​ចូលរួម។

លោក​បាន​បញ្ជាក់​ប្រាប់​វីអូអេ​ថា៖

«ដូច្នេះ​យើង​មាន​តំណាង​ទាំង​៥០រដ្ឋ​ គឺ​ថា​ជំរុញ​សរសេរ​សំបុត្រ​ហើយ​គឺ ឱ្យ​បងប្អូន​យើង​យក​សំបុត្រ​ហ្នឹង​ទៅ​តំណាង​សង្គ្រោះជាតិ​នៅ​គ្រប់​រដ្ឋ​ទាំងអស់។ គឺ​យក​សំបុត្រ​ដាក់​ម្តុំ​ ហើយ​យក​ទៅ​ឱ្យ​សមាជិក​ព្រឹទ្ធសភា​ផ្ទាល់​ និង​ជួប​គេ​ផ្ទាល់​តែម្តង​ ដើម្បី​ឱ្យ​គេ​យល់​គេ​ដឹង​ថា ​ទុក្ខ​វេទនា​របស់​ខ្មែរ​យ៉ាង​ណា​ ហើយ​យើង​យល់​ថា​ ការ​បោះឆ្នោត​នេះ​មិន​បាន​ត្រឹម​ត្រូវ​ ហើយ​នឹង​ចង់​បាន​កិច្ច​ព្រមព្រៀង​ប៉ារីស​ត្រឡប់​មក​វិញ‍»។​

លោក​ម៉ែន វណ្ណៈ អ្នក​នាំពាក្យ​សាខា​គណបក្ស​សង្គ្រោះជាតិ​អាមេរិកាំង​ប្រចាំ​នៅ​រដ្ឋ​ម៉ាស្សាឈូសិត​ បាន​បញ្ជាក់​ដែរ​ថា៖

«យើង​នឹង​បន្ត​ជំរុញ​ឱ្យ​សម្រេច​ច្បាប់​ហ្នឹង​ ឱ្យ​បាន​លឿន​អីចឹង​ ហើយ​បាន​ជា​យើង​នឹង​ត្រៀម​ធ្វើ​បាតុកម្ម​ក្រោយ​ការ​បោះឆ្នោត​ទៀត​ ហើយ​មុន​ការ​បង្កើត​រដ្ឋាភិបាល​ដែល​នឹង​ធ្វើទៅ​៦០ថ្ងៃ​ ក្រោយ​ការ​បោះឆ្នោត​គឺ​យើង​ទាមទារ​ច្បាប់​៥៧៥៤ ឱ្យ​បាន​ចេញ​ជា​ច្បាប់​សម្រាប់​នៅ​សហរដ្ឋ​អាមេរិក​នេះ‍»។​

ការ​ខិតខំ​ប្រឹងប្រែង​របស់​ពួកគេ​ទទួល​បាន​ការ​លើក​ទឹកចិត្ត​ពី​សកម្មជន​សិទ្ធិ​មនុស្ស​អន្តរជាតិ។

លោក​ប្រែដ អាដាម បាន​គូស​បញ្ជាក់​ពី​សារៈសំខាន់​របស់​សហគមន៍​ខ្មែរ​អាមេរិកាំង​ក្នុង​ការ​ជំរុញ​ឱ្យ​សហគមន៍​អន្តរជាតិ​ងាក​មក​ចាប់​អារម្មណ៍​នឹង​បញ្ហា​កម្ពុជា៖

«មាន​គ្រោះថ្នាក់​ធំ​ណាស់​សម្រាប់​លោក​ហ៊ុន សែន។ ខ្ញុំ​គិត​ថា ​គាត់​គិតគូ​ខុស​ហើយ។ គាត់​មិន​យល់​ទេ។ គាត់​ប្រហែលជា​គិត​ថា​ នៅទីបំផុត​មានតែ​ចិន​មួយ​គឺ​គ្រប់គ្រាន់។ ប៉ុន្តែ​ខ្ញុំ​គិត​ថា ​គាត់​ខុស​ហើយ។ ពួកយើង​ទាំងអស់​គ្នា​មាន​តួនាទី​ក្នុងការ​ធានា​ថា​រាល់​ប្រទេស​ដែល​បាន​ប្រកាន់ជំហរ​ទន់ភ្លន់​ចំពោះ​កម្ពុជា​ យល់​ឱ្យ​បាន​ច្បាស់ពី​អ្វី​ដែល​បាន​និង​កំពុង​កើត​មាន​ឡើង​ក្នុង​ប្រទេស​កម្ពុជា​ ហើយ​ធ្វើការ​សម្រេច​ចិត្ត​ឱ្យ​បាន​ត្រឹមត្រូវ​ពី​ទំនាក់​ទំនង​របស់​ពួកគេ​ជាមួយ​នឹង​កម្ពុជា​ក្នុង​ពេល​អនាគត។ យើង​មិន​ត្រូវ​ឱ្យ​លោក ហ៊ុនសែន​ មក​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​ប្រជាធិបតេយ្យ​ទៀត​ទេ។ នេះ​គឺជា​គោលដៅ​ការងារ​របស់​ខ្ញុំ‍»។​

លោកប្រែដ អាដាម​ បាន​បញ្ជាក់​ថា​ ពលរដ្ឋ​ខ្មែរ​-អាមេរិកាំង​ អាច​ចូលរួម​ទាមទារ​ឱ្យ​ក្រសួង​ការបរទេស និង​ក្រសួង​រតនាគារ​សហរដ្ឋ​អាមេរិក​ ចាត់​វិធានការ​មួយ​ចំនួន​បាន​ដោយ​ការ​សរសេរ​លិខិត​ដោយ​ផ្ទាល់​ទៅ​ក្រសួង​ទាំងនេះ។

យន្តការ​ដែល​សហរដ្ឋ​អាមេរិក​អាច​ប្រើ​ប្រាស់​ដើម្បី​ដាក់​ទណ្ឌកម្ម​ គឺ​នៅ​មាន​ច្បាប់​ម៉ាណិតស្គី​ ដែល​អនុញ្ញាត​ឱ្យ​ដាក់ទណ្ឌកម្ម​លើ​ជន​ណា​ដែល​បាន​រំលោភ​លើ​សិទ្ធិមនុស្ស និង​ប្រព្រឹត្ត​អំពើ​ពុករលួយ។ រហូត​មក​ដល់​ពេលនេះ​ ច្បាប់​នេះ​បាន​ប្រើប្រាស់​ដាក់​ទណ្ឌកម្ម​លើ​លោក​ហ៊ីង ប៊ុនហៀង មេ​បញ្ជាការ​អង្គរក្ស​របស់​លោក​ហ៊ុន សែន។

គណបក្ស​សង្គ្រោះជាតិ​ដែល​ត្រូវ​តុលាការ​កំពូល​រំលាយ​កាលពី​ចុងឆ្នាំ​២០១៧ ​និង​ត្រូវ​ផាត់ចេញ​ពី​ឆាក​នយោបាយ​ ដោយ​មិន​ឱ្យ​ចូល​រួម​ការ​បោះឆ្នោត​ជាតិ​កាលពី​ថ្ងៃទី​២៩ ខែកក្កដា​នោះ​ បាន​អះអាង​ថា​ វិធានការ​ដាក់​ទណ្ឌកម្ម​មិនមែន​ជា​ការ​ចង់​បាន​របស់​ខ្លួន​ឡើយ គឺ​វា​ជា​កាតព្វកិច្ច​របស់​សហគមន៍​អន្តរជាតិ​ ដែល​បាន​វិនិយោគ​លើ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​តាំងពីឆ្នាំ​១៩៩១​មក។

លោកស្រី​មូរ សុខហួរ ​អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ​ បាន​ដាក់​កំហុស​ទៅលើ​ទង្វើ​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ​ប៉ុណ្ណោះ​ ដែល​នឹង​ធ្វើ​ឱ្យ​ទណ្ឌកម្ម​នេះ​ចេញ​ជា​រូបរាង​ឡើង។

លោកស្រី​បាន​បន្ថែម​ថា៖

«នៅក្នុង​ការ​ដាក់​សម្ពាធ​រហូត​ដល់​សេដ្ឋកិច្ច​ ភាព​ឯការ​នៃ​កម្ពុជា ​យើង​ការ​អត់​ឃ្លាន​នៅក្នុង​ការ​រក​ទទួល​ទាន​នៅក្នុង​ការ​បាត់​ការងារ​នេះ​ មិនមែន​ជា​រឿង​ដែល​បង្កើត​ឡើង​ដោយ​គណបក្ស​សង្គ្រោះជាតិ​ទេ។ កុំ​យល់​ច្រឡំ​ឱ្យ​សោះ​ ពីព្រោះ​គេ​មិន​បាន​ព្រមាន​ទៅ​គណបក្ស​សង្គ្រោះជាតិ​ឯណា? គេ​បាន​ព្រមាន​ទៅ​លោក​ហ៊ុន សែន​ ថា​កុំ​ឱ្យ​គេ​ដាក់​ទណ្ឌកម្ម។ គេ​មិន​ចង់​ដាក់​ទណ្ឌកម្ម​ទេ»។​

លោក​ស្រី​បាន​បន្ថែម​ថា ​ការ​មានៈរៀបចំ​ការ​បោះឆ្នោត​ដោយ​គ្មាន​អតីត​គណបក្ស​ប្រឆាំង​ និង​ការ​សម្រេច​យក​អាសនៈ​សភាជាតិ​ទាំង​១២៥​ ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​ គឺជា​ចំណុច​ចុងក្រោយ​ដែល​ធ្វើ​ឱ្យ​សហគមន៍​អន្តរជាតិ​មើល​ឃើញ​កាន់តែ​ច្បាស់​ពី​ការ​រំលោភ​សិទ្ធិមនុស្ស​នៅ​កម្ពុជា៕

What Next?

Recent Articles

One Response to "អ្នក​ជំនាញ​ថា​ទណ្ឌកម្ម​អន្តរជាតិ​លើ​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​មាន​ប្រសិទ្ធភាព​ខ្ពស់"

  1. so socheath says:

    ហាស ! ហាស
    ម៉លឲ្យច្បាស់ពួកអាអួតពី លោកបិតាប្រជាប្រជាធិបតេយ្យអាមេរិក
    មើលឲ្យច្បាស់អាល្ងង់ !
    កុំចេះតែព្រុសពីពាក្យ សិទ្ធមនុស្ស សេរីភាព ប្រជាធិបតេយ្យ
    អោយសោះ !
    *************

    លោក ដូណាល់ ត្រាំ មិនចង់ឃើញមុខអ្នករិះគន់ និងប្រឆាំង
    លោកទៀត ទើបបិទខ្ទប់គណនី Twitter ចំនួន៤១ មិនឲ្យបញ្ចេញមតិប្រឆាំង-រិះគន់លោកបានទៀត!
    (វ៉ាស៊ីនតោន)៖ លទ្ធផលនៃការប្រឆាំង និងរិះគន់ខ្លាំងពេកទៅលើគោលនយោបាយរបស់លោក
    ដូណាល់ ត្រាំ នោះគណនី Twitter សរុបចំនួន ៤១ ត្រូវបានលោក ត្រាំ ផ្ទាល់បិទចោល
    (Blocked) ដើម្បីកុំឲ្យពួកគេមានឱកាសរិះគន់លោកបានទៀត ដែលវាមិនខុសពីអ្នកប្រើប្រាស់បណ្តាញសង្គមទូទៅមួយចំនួន ប្រើប្រាស់សិទ្ធិផ្ទាល់ខ្លួន
    ក្នុងការបិទគណនី ដែលគេគិតថាមិនចូលចិត្ត ឬប៉ះពាល់អារម្មណ៍របស់ពួកគេនោះឡើយ
    ប៉ុន្តែសូមមើលថា លោក ត្រាំ ជាប្រធានាធិបតីនៃមហាអំណាចលទ្ធិប្រជាធិបតេយ្យ និងតែលោកស្ទួយសេរីភាពនៃការបញ្ចេញមតិមួយទាំងមូល, តើការសងសឹកអ្នកប្រឆាំងដោយទង្វើជនសាមញ្ញធម្មតាបែបនេះ វាសាកសមដែរ ឬទេ?
    ហេតុដូច្នេះហើយបានជាការប្រឆាំងតវ៉ា ទាំងក្នុងបណ្តាញសង្គម សារព័ត៌មាន និងក្រុមអ្នកច្បាប់នានាបានផ្ទុះឡើង ដើម្បីបង្ហាញថា ជាមេដឹកនាំសហរដ្ឋអាមេរិកដ៏ធំមហិមា និងជាគំរូរបស់
    អន្តរជាតិនោះ លោក ត្រាំ មិនអាចបិទមិនឲ្យនរណារិះគន់ និងប្រឆាំងគោលនយោបាយ
    របស់លោកឡើយ នៅគ្រប់ទម្រង់ទាំងអស់ ជាពិសេសគឺនៅលើបណ្តាញសង្គម Twitter ដែលលោកផ្ទាល់កំពុងតែប្រើប្រាស់ជាផ្លូវការ។
    សកម្មជនតស៊ូសិទ្ធិបញ្ចេញមតិមួយក្រុមនៅអាមេរិក បានទាមទារឲ្យប្រធានាធិបតីអាមេរិក
    លោក ដូណាល់ ត្រាំ បើកឲ្យអ្នកប្រើប្រាស់ Twitter ចំនួន ៤១គណនី អាចចូលបញ្ចេញមតិ (Comment) នៅក្នុងគណនីផ្លូវការរបស់លោកឡើងវិញ ក្រោយកាលពីខែឧសភាកន្លងទៅ
    ចៅក្រមសហព័ន្ធមួយរូប បានបង្គាប់ឲ្យលោកប្រធានាធិបតីអាមេរិកអនប្លក Unblock ក្រុមអ្នក
    ប្រើប្រាស់ Twitter ដែលបានដាក់ពាក្យបណ្តឹងជុំវិញរឿងនេះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មាន Reuters នៅល្ងាចថ្ងៃសៅរ៍ ទី១១ ខែសីហា ឆ្នាំ២០១៨។
    កាលពីថ្ងៃទី២៣ ខែឧសភា ចៅក្រមសហព័ន្ធអាមេរិកលោកស្រី ណាវមី រ៉ៃស៍ បាកក្វដ (Naomi Reice Buchwald) ក្នុងសង្កាត់ មែនហាតធិន (Manhattan) នៃទីក្រុងញូយ៉កបានសម្រេចថា ការបញ្ចេញមតិទាំងឡាយនៅក្នុងគណនី Twitter របស់លោក ដូណាល់ ត្រាំ ក៏ដូចជារបស់មន្រ្តីរដ្ឋាភិបាល
    ដទៃទៀត គឺជាវេទិកាបញ្ចេញមតិសាធារណៈ ហើយការរារាំងអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនង
    សង្គមនេះ មិនឲ្យបង្ហាញទស្សនរបស់ពួកគេនោះ គឺជាការរំលោភទាំងស្រុងទៅលើសិទ្ធិនៃ
    ការបញ្ចេញមតិរបស់ពួកគេ នៅក្រោមច្បាប់ចម្បងទីមួយ (First Amendment) នៃរដ្ឋធម្មនុញ្ញអាមេរិក។
    ក្រុមសកម្មជននៃវិទ្យាស្ថានណៃហ្វឺស អាមែនឌឺមែន អ៊ីនស្ទីធ្យូត Knight First Amendment Institute
    នៃសាកលវិទ្យាល័យកូឡុំបៀរ Columbia បានផ្ញើពាក្យបណ្តឹងដែលមានភ្ជាប់នូវបញ្ចីឈ្មោះ
    នៃគណនីចំនួន ៤១ ដែលនៅតែបន្ត Block ដោយគណនី Twitter ផ្លូវការរបស់លោក ត្រាំ
    ឈ្មោះថា @រៀលដូណាល់ត្រាំ RealDonaldTrump ទៅកាន់ក្រសួងយុត្តិធម៌អាមេរិក។ ដោយឡែក គណនីរបស់អ្នកប្រើប្រាស់ ០៧នាក់ ដែលបានដាក់ពាក្យបណ្តឹងជុំវិញបញ្ហានេះ ត្រូវបានបើកអនប្លក (Unblock) ឡើងវិញកាលពីខែមិថុនា។ សម្រាប់ការប្លក Block អ្នកប្រើប្រាស់នេះ លោក ត្រាំ
    ត្រូវក្រុមសកម្មជនចោទប្រកាន់ថា ធ្វើឡើងដោយសារតែពួកគេទាំងនោះ បានបញ្ចេញមតិ
    រិះគន់ចំពោះលោក ត្រាំ ផ្ទាល់ ឬក៏ចំពោះគោលនយោបាយរបស់លោក។
    គួរជម្រាបថា គណនី Twitter របស់លោក ដូណាល់ ត្រាំ មានអ្នកចាំតាមដាន (Follower) ប្រមាណ ៥៣.៧លាននាក់ ហើយលោកបានប្រើប្រាស់បណ្តាញសង្គមនេះ ដើម្បីលើកស្ទួយគោលដៅ និងប្រកាសគោលនយោបាយ ព្រមទាំងវាយប្រហារទៅលើក្រុមអ្នករិះគន់ជាដើម៕