អ្នក​កោះកុង​ជាង ១​រយ​គ្រួសារ​ស្នើ​ក្រសួង​ដែនដី​ពន្លឿន​ដោះស្រាយ​រឿង​ដីធ្លី​​ជាមួយ​ក្រុមហ៊ុន​ចិន

ដោយ ជីវិតា
2019-11-28
អាស៊ីសេរី

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ពលរដ្ឋ​ឃុំ​តា​នួន ស្រុក​បទុមសាគរ ខេត្ត​កោះកុង ជួបមន្ត្រី​នៃ​ក្រសួង ក្នុង​វត្តសាមគ្គីរង្ស៊ី សង្កាត់​ស្ទឹងមានជ័យ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី២៨ ខែ​វិច្ឆិកា ២០១៩។

ពលរដ្ឋ​ឃុំ​តា​នួន ស្រុក​បទុមសាគរ ខេត្ត​កោះកុង ជួបមន្ត្រី​នៃ​ក្រសួង ក្នុង​វត្តសាមគ្គីរង្ស៊ី សង្កាត់​ស្ទឹងមានជ័យ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី២៨ ខែ​វិច្ឆិកា ២០១៩។ Photo Provided


ពលរដ្ឋ ៤៩​នាក់​តំណាង​ឱ្យ​១២៨​គ្រួសារ មកពី​​ឃុំ​តា​នួន ស្រុក​បទុមសាគរ ខេត្ត​កោះកុង នាំគ្នា​ស្វែងរក​ដំណោះស្រាយ​បញ្ហា​ដីធ្លី​សាជាថ្មី ពី​ក្រសួង​ដែនដី នៅ​រាជធានី​ភ្នំពេញ ក្នុង​ជម្លោះដីធ្លី​ជាមួយ​ក្រុមហ៊ុន​ចិន ឈ្មោះ យូ​ញៀន ឌី​វី​ឡុ​ប​មិន គ្រុប (Union Development Group)ដែល​រំលោភ​យក​ដីធ្លី​ហើយ មិន​ផ្ដល់​សំណង​ឱ្យ​ពលរដ្ឋ ជាង ១០​ឆ្នាំ​កន្លង​មក​នេះ​។ ដើម្បី​បញ្ចៀស​ការ​តវ៉ា​នៅមុខ​ក្រសួង មន្ត្រី ២​នាក់​នៃ​ក្រសួង​ដែនដី បាន​ទៅ​ជួប​ពលរដ្ឋ​ដោយ​ផ្ទាល់​នៅ​ក្នុង​វត្ត​ខ្មែរ​កម្ពុជា​ក្រោម ដើម្បី​ទទួល​ញត្តិ និង​សម្របសម្រួល​កុំ​ឱ្យ​ពលរដ្ឋ​ដើរ​ក្បួន​ចេញ​តវ៉ា។

ក្នុង​ញត្តិ​ដាក់​ជូន​លោក ជា សុផារ៉ា នៅ​ថ្ងៃ​ទី​២៨ វិច្ឆិកា ពលរដ្ឋ​ស្នើសុំ​កាត់​ឆ្វៀល​ដី​កសិកម្ម​ទំហំ​ជាង ៤​រយ​ហិកតារ ចេញពី​គម្រោង​របស់​ក្រុមហ៊ុន​ចិន ឈ្មោះ យូញៀន ដែល​រំលោភ​យក​ដីធ្លី និង​បំផ្លាញ​ភូមិ​ចាស់​ពួកគាត់ យក​ទៅ​សាងសង់​វាល​យន្តហោះ​អន្តរជាតិ។

តំណាង​ពលរដ្ឋ លោក ម៉ូវ ស៊ីដាន រៀបរាប់​ថា ជាច្រើនលើក​ច្រើនសា​មក​ហើយ ដែល​មន្ត្រី​តំណាង​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ តែង​មក​ជួប និង​ទទួលយក​សំណើ​ពួកគាត់​ដល់​កន្លែង​ស្នាក់ ដោយ​និយាយ​ថា នឹង​យក​ញត្តិ​ដាក់​ជូន​ទៅ​រដ្ឋមន្ត្រី លោក ជា សុផារ៉ា ពិនិត្យ និង​ដោះស្រាយ​ដូចគ្នា​នេះ។

លោក​បន្ត​ថា ក្នុង​រយៈពេល ៣​ឆ្នាំ​ចុង​ក្រោយនេះ ពលរដ្ឋ​ចេះតែ​ទន្ទឹង​រង់ចាំ​ដំណោះស្រាយ​ពី​ខាង​ក្រសួង​និង​អាជ្ញាធរ​ខេត្ត​កោះកុង ប៉ុន្តែ​មិន​ឃើញ​មាន​ចំណាត់​ការ​ជាក់លាក់​ណាមួយ​ថា​នឹង​ចុះទៅ​ដោះស្រាយ​ឱ្យ​ពលរដ្ឋ នៅ​ថ្ងៃ​ណា ខែ​ណា នៅឡើយ​ទេ។

តំណាង​ពលរដ្ឋ​រូប​នេះ ស្នើសុំ​ក្រសួង​ដែនដី និង​អាជ្ញាធរ​ខេត្ត​កោះកុង ឱ្យ​ដាក់​ចេញ​កាលបរិច្ឆេទ​ច្បាស់លាស់ ដើម្បី​ចុះ​ដោះស្រាយ​បញ្ហា ឱ្យ​ពួកគាត់​មានឱកាស​ធ្វើស្រែ​ចម្ការ ជួយ​ស្ដារ​ជីវភាព​រស់នៅ​ឱ្យ​បាន​ល្អ​ប្រសើរ​ឡើង​វិញ៖ «គាត់​ថា​ទទួល​ញត្តិ​ហើយ នាំ​ប្រជាពលរដ្ឋ​ទៅវិញ​ទៅ​។ មិនបាច់​នាំ​ប្រជាពលរដ្ឋ​ទៅ​ជួប​នៅ​ក្រសួង​ទេ ព្រោះ​ក្រសួង​ឱ្យ​ខ្ញុំ​ចុះ​មក​សម្របសម្រួល​ប៉ុណ្ណឹង​ហើយ បង​នាំ​ប្រជាពលរដ្ឋ​ទៅវិញ​ទៅ​។ ឥឡូវ ប្រជាពលរដ្ឋ មិន​ព្រម​។ គោលបំណង​ប្រជាពលរដ្ឋ​ពួក​យើង​ខ្ញុំ ក្នុង​មួយ​គ្រួសារ ចង់​ដី​បង្កបង្កើនផល ៣​ហិកតារ ហើយ​នឹង​សំណង​ថវិកា​៥​ពាន់​ដុល្លារ»។

លោក ម៉ូវ ស៊ីដាន ឱ្យ​ដឹង​ទៀត​ថា បញ្ហា​ដីធ្លី​ដ៏​រ៉ាំរ៉ៃ​មួយ​នេះ បាន​បង្ក​ឱ្យ​ប្រជាពលរដ្ឋ​ភាគច្រើន​មាន​ជីវភាព​កាន់តែ​ក្រីក្រ​ទៅៗ ដោយសារ​គ្មាន​ដី​ធ្វើស្រែ​ចម្ការ ក្មេងៗ បាត់បង់​ការសិក្សា និង​អ្នកភូមិ​មួយ​ចំនួន ត្រូវ​ចាកចោល​ផ្ទះសម្បែង ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ​។ ចំណែក​ដីធ្លី​ដែល​អាជ្ញាធរ​កាត់​ឱ្យ​នៅ​ទីតាំង​ថ្មី​ជាប់​ជើងភ្នំ​វិញ លោក​ថា ដី​ភាគច្រើន​សំបូរ​ដោយ​ថ្ម និង​ខ្សាច់​ច្រើន ប្រកប​របរ​កសិកម្ម​មិនបាន​ផល​ទេ​។​

កាលពី​ថ្ងៃ​ទី​២៧ វិច្ឆិកា អ្នក​កោះកុង​ប្រមាណ ៤០​នាក់ នាំគ្នា​ទៅ​រក​ដំណោះស្រាយ​ពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅមុខ​ភូមិគ្រឹះ​របស់​លោក ក្នុង​ក្រុង​តាខ្មៅ ប៉ុន្តែ​ត្រូវ​ក្រុម​កង​អង្គរក្ស​ឃាត់​មិន​ឱ្យ​ដាក់​ញត្តិ។

រដ្ឋលេខាធិការ​ក្រសួង​ដែនដី លោក ទេព ធន ប្រាប់​អាស៊ីសេរី​ថា ក្រសួង​កំពុង​ពិនិត្យ​សំណើ​ពលរដ្ឋ ហើយ​នឹង​បញ្ជូន​ទៅ​ឱ្យ​ខាង​រដ្ឋបាល​ខេត្ត​កោះកុង ចុះ​ដោះស្រាយ៖ «កំពុង​ធ្វើ​ការ​ជាមួយ​ខេត្ត និង​ដាក់​កិច្ច​ទាំងអស់​ហ្នឹង​ឱ្យ​ខាង​ខេត្ត​ធ្វើ យើង​គ្រាន់តែ​តាមដាន​ពិនិត្យ​ទេ​។ យើង​កំពុង​ធ្វើ ហើយ​ពួកគាត់​ចេះតែ​ឡើង​មក»។

ចំណែក​អភិបាល​ខេត្ត​កោះកុង អ្នកស្រី មិថុនា ភូថង ប្រាប់​អាស៊ីសេរី​ដោយ​ខ្លី​ថា អាជ្ញាធរ​ពាក់ព័ន្ធ​បាន​វាស់ដី​មាន​វិវាទ​នោះ​រួចហើយ និង​បាន​អនុវត្ត​នីតិវិធី​ស្នើសុំ​បន្ថែម​ទៀត ក៏ប៉ុន្តែ​ទីតាំង​ដី​មួយ​ចំនួន​មាន​ព្រៃ​ច្រើន និង​កំពុង​ដោះស្រាយ​ជា​បណ្ដើរៗ។

នាយករង​ទទួលបន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស លីកាដូ លោក អំ សំអាត សង្កេត​ឃើញ​ថា អាជ្ញាធរ​បាន​ដោះស្រាយ​វិវាទ​ដីធ្លី​រវាង​ពលរដ្ឋ និង​ក្រុមហ៊ុន​ចិន​នៅ​ខេត្ត​កោះកុង បានជា​ច្រើន​គ្រួសារ​មក​ហើយ​។ ហេតុនេះ លោក​យល់ថា ក្រសួង​ដែនដី និង​រដ្ឋបាល​ខេត្ត​កោះកុង គួរ​បន្ត​ប្រើ​យន្តការ​កន្លង​មក ដើម្បី​ដោះស្រាយ​បញ្ចប់ ជូន​ប្រជាពលរដ្ឋ​ដែល​នៅ​សេសសល់៖ «ការ​ដោះស្រាយ​គួរតែ​ប្រញាប់ប្រញាល់​ទៅ កុំ​ទុក​ឱ្យ​អូស​បន្លាយ​តទៅទៀត​ណា៎ នោះ​វា​ប៉ះពាល់​ច្រើន​។​ទី​១ ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ មិន​មាន​ពេល​ប្រកប​របរ​ចិញ្ចឹមជីវិត​គ្រប់គ្រាន់ ដោយសារតែ​ឡើង​មក​ទាមទារ​តវ៉ា។ វា​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ជីវភាព​រស់នៅ​របស់​ពួកគាត់​។ ហើយ​ទី​២ ក៏​គេ​នៅតែ​មើល​ឃើញ​បន្ត​ថា ករណី​ទំនាស់​ដីធ្លី នៅតែ​កើត​បន្ត បើ​ទោះ​បីជា​កើត​យូរហើយ វា​នៅ​អូស​បន្លាយ ដោយសារ​ការ​ដោះស្រាយ​មិន​ចប់​នេះ វា​ក៏​ជា​ប៉ះពាល់​ទៅដល់​អាជ្ញាធរ​និង​ក្រសួង ដែល​ពាក់ព័ន្ធ​ហ្នឹង​ដែរ»។

កាលពី​ឆ្នាំ​២០០៨ ក្រុមហ៊ុន​ចិន យូញៀន ឌីវេឡុបមិន បាន​ទទួល​ដី​សម្បទាន​សេដ្ឋកិច្ច​សរុប​ចំនួន​ជាង ៤​ម៉ឺន ៥​ពាន់​ហិកតារ (៤៥.១០០) ពី​របប​ក្រុងភ្នំពេញ ដើម្បី​សាងសង់​ទីក្រុង​ទេសចរណ៍​ដ៏​ធំ​មួយ ក្នុង​រយៈពេល ៥០​ឆ្នាំ ដែល​ត្រូវ​ចំណាយ​ទឹកប្រាក់​ជិត ៤​ពាន់​លាន​ដុល្លារ (៣,៨​ពាន់​លាន​ដុល្លារ​)​។ គម្រោង​ទីក្រុង​ទេសចរណ៍​ដ៏​ធំ​សម្បើម​មួយ​នេះ កំពុង​សាងសង់​នៅ​ចំ​កណ្ដាល​ឧទ្យាន​ជាតិ​បទុម​សាគរ ក្នុង​ខេត្ត​កោះកុង រួមមាន​កន្លែង​កម្សាន្ត​សម្រាប់​ភ្ញៀវ​ទេសចរ វាល​យន្តហោះ ទីលាន​វាយ​កូន​ហ្គូល និង​កំពង់ផែ​ជាដើម។

គម្រោង​អភិវឌ្ឍ​នេះ បាន​បណ្ដាល​ឱ្យ​ប្រជាពលរដ្ឋ​ជាង ១​ពាន់​គ្រួសារ ចាក​ចេញពី​លំនៅឋាន ប៉ុន្តែ​នៅ​មាន​ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ​ទៀត នៅ​មិនទាន់​ទទួល​បាន​ដំណោះ​នៅឡើយ​មក​ដល់​ពេល​នេះ។

ពលរដ្ឋ​អះអាង​ថា ក្រុមហ៊ុន​ចិន យូញៀន ឌីវេឡុបមិន បាន​ធ្វើ​សកម្មភាព​ជាច្រើន ដើម្បី​បណ្ដេញ​ប្រជាពលរដ្ឋ​ចេញពី​លំនៅឋាន ក្នុង​ភូមិ​ក្បែរ​មាត់សមុទ្រ ដោយ​ឱ្យ​សំណង​មិន​សមរម្យ​ទៅ​ពលរដ្ឋ​។ សកម្មភាព​ទាំងនោះ មាន​ដុត​កម្ទេច​ផ្ទះ និង​កាប់​បំផ្លាញ​ផលដំណាំ​របស់​ពួកគាត់​អស់​ជាច្រើន​ហិកតារ នៅ​តំបន់​ខ្លះ​ក្នុងស្រុក​គី​រី​សាគរ ខេត្ត​កោះកុង។

បច្ចុប្បន្ន​ក្រុមហ៊ុន​ចិន យូញៀន កំពុង​ពន្លឿន​ការសាងសង់​វាល​យន្តហោះ ក្នុង​ខេត្ត​ជាប់មាត់​សមុទ្រ​មួយ​នេះ ខណៈ​សហរដ្ឋអាមេរិក​សម្ដែង​ក្ដី​ព្រួយបារម្ភ​ថា ការ​សំណង់​នេះ អាច​ជា​ការ​ដាក់​មូលដ្ឋាន​ទ័ពអាកាស​របស់​ប្រទេស​ចិន​ក្នុង​ទឹកដី​កម្ពុជា ដើម្បី​វាតទី​ក្នុង​តំបន់​អាស៊ី​ទាំងមូល​។

ទោះបីជា​យ៉ាងណាក៏ដោយ ក៏​ក្រុម​ប្រជាពលរដ្ឋ​មាន​ជម្លោះដីធ្លី​ជាមួយ​ក្រុមហ៊ុន​ចិន បញ្ជាក់​ថា ពួកគាត់​នឹង​នាំទៅ​តវ៉ា​មុខក្រសួង​ដែនដី នៅ​ថ្ងៃ​ទី​២៩ វិច្ឆិកា​ទៀត ដើម្បី​ស្នើសុំ​ឱ្យ​ក្រសួង​ដាក់​កំណត់​ពេលវេលា​ច្បាស់លាស់ ចុះទៅ​ដោះស្រាយ​បញ្ហា​ជូន​ពួកគាត់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles