លោក ​កឹម សុខា ​បាន​ជួប​ម្តាយ​ជរា​ជា​លើក​ដំបូង​ បន្ទាប់​ពី​ជាប់​ពន្ធនាគារ​អស់​រយៈពេល​ជាង​១​ឆ្នាំ​

ដោយ វ៉ា សំណព្វ
16/09/2018
RFI

media
រូប​ភាព​លោក ​កឹម សុខា ​​ជួបជុំ​គ្រួសារ​ដែល​គេ​ចែក​ចាយ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេសបុក​ នៅ​ថ្ងៃ ​អាទិត្យ​ ទី ​១៦​ កញ្ញា​ ២០១​៨​​នេះ​។
@facebook


រូបភាព​៣​សន្លឹក​​របស់​លោក ​កឹម សុខា ​ស្តីពី​​ការ​ជួប​ជុំ​​ជា​មួយ​​ម្តាយ​​ជរា ​និង​​ភរិយា​​របស់​លោក​​កំពុង​​ល្បី​ល្បាញ​​នៅ​លើ​​បណ្តាញ​​សង្គម​​ហ្វេ​សបុ​ក​នៅ​​ថ្ងៃ​អាទិត្យ​​នេះ ​បន្ទាប់​ពី​​ត្រូវ​បាន​​ចៅ​ក្រម​​តុលាការ​​ក្រុង​ភ្នំពេញ​​សម្រេច ​ប្តូរ​​កន្លែង​​ឃុំ​ខ្លួន​​ពី​​ពន្ធនាគារ​​ត្រពាំង​​ផ្លុ​ង​​មក​​នៅ​​ក្នុង​ផ្ទះ​​វិញ ​កាល​ពី​​យប់​​ថ្ងៃទី ​១០ ​កញ្ញា ​ក្រោម​​ការ​ត្រួត​ពិនិត្យ​រ​បស់​​តុលាការ​។ ​នេះ​​គឺ​ជា​​លើក​​ទី​១​​ហើយ ​ដែល​​លោក ​កឹម សុខា ​បាន​​ជួប​ជុំ​​ជា​មួយ​​គ្រួសារ ​ក្រោយ​​ជាប់​ពន្ធនាគារ​​អស់​​រយៈ​ពេល​១​ឆ្នាំ​​និង​៧​ថ្ងៃ​។ ​ 

រូបភាព៣សន្លឹក​របស់លោក កឹម សុខា ស្តីពី​ការជួបជុំ​ជាមួយ​ក្រុមគ្រួសារ​របស់​លោក​នៅថ្ងៃនេះ ត្រូវបាន​ទម្លាយ​ឲ្យ​ដឹង ដោយ​គណនេយ្យ​ហ្វេ​ស​បុក​របស់លោក មុត ចន្ថា អតីត​នាយក​ខុទ្ទកាល័យ​របស់លោក កឹម សុខា នៅ​ថ្ងៃទី ១៦ កញ្ញា នេះ។ រូបភាព​ទាំង៣សន្លឹក​នេះ បានបង្ហាញ​ពី​ទិដ្ឋភាព​ម្តាយ​ចាស់ជរា​របស់លោក កឹម សុខា បាន​អោប​កូនប្រុស​របស់គាត់ ដោយ​ក្តី​នឹករលឹក ដោយមាន​លោកស្រី តែ ច័ន្ទ​មនោ ជា​ភរិយា​នៅក្បែរនោះ​ផង។ ជំនួប​ដ៏​កម្រ​រវាង​ម្តាយ និង​កូន​នេះ ទំនងជា​បានធ្វើ​ឡើង​នៅមុន​ពេល​ពិសារ​អាហារ នៅ​ថ្ងៃទី ១៦ កញ្ញា​នេះ។ ប៉ុន្តែ​យ៉ាងណាក៏ដោយ លោក មុត ចន្ថា មិនអាច​បញ្ជាក់​បានទេ​ថា តើ​ជា​រូបភាព​នេះ ជា​រូបភាព​ចាស់ ឬ​ថ្មី​នោះទេ ដោយសារ​លោក​ក៏បាន​ចែករំលែក (Share) រូបភាព​ទាំងនេះ ពី​អ្នកប្រើប្រាស់​ហ្វេ​ស​បុក (Facebook) ផ្សេងទៀត​ដែរ។ ប៉ុន្តែ​លោក មុត ចន្ថា បាន​សរសេរ​នៅលើ Status អម​ជាមួយ​រូបភាព​ទាំងនេះ​ថា លោក​ពិត​ជាមាន​សេចក្តី​រីករាយ និង​រំភើប ដែល​បានឃើញ លោក កឹម សុខា បាន​ជួបជុំ​ជាមួយ​អ្នក​ម្តាយ​ជាទីគោរព និង​ភរិយា ជាទី​ស្រឡាញ់​របស់លោក។

គួរ​ជំរាបជូន​ថា នៅក្រោម​ដីកា​សម្រេច​របស់​ចៅក្រម​តុលាការ​ក្រុងភ្នំពេញ បាន​ហាមឃាត់ លោក កឹម សុខា មិន​ឲ្យ​ជួប​ជាមួយ ជនបរទេស និង​អតីតមន្ត្រី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង១១៨នាក់ លើកលែងតែ​ក្រុមគ្រួសារ​របស់លោក មេធាវី និង​គ្រូពេទ្យ​ប៉ុណ្ណោះ។ បំរាម​នេះ គឺ​បន្ទាប់ពី​លោក កឹម សុខា ដែល​ត្រូវបាន​ចោទប្រកាន់​ពីបទ​ក្បត់ជាតិ ត្រូវបាន​ចៅក្រម​តុលាការក្រុង​ភ្នំពេញ លោក គី ឬ​ទ្ធី សម្រេច​ប្តូរ​ទីកន្លែង​ឃុំឃាំង​ពី​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង​មក​នៅ​ក្នុងផ្ទះ​វិញ កាលពី​យប់​ថ្ងៃទី ៩ កញ្ញា ដោយ​ដាក់​ឲ្យ​ស្ថិតនៅក្រោម​ការត្រួតពិនិត្យ​តាមផ្លូវ​តុលាការ ក្រោម​ហេតុផល​សុខភាព។

យ៉ាងណាក៏ដោយ បើតាម​រូបភាព​នៃ​ការជួបជុំ​របស់លោក កឹម សុខា នៅថ្ងៃនេះ​មែន នេះ​គឺជា​លើក​ទី១ហើយ ដែល​ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា បាន​ជួបជុំ​ជាមួយ​ក្រុមគ្រួសារ​របស់​លោក ជាពិសេស​ម្តាយ​ចាស់ជរា​របស់លោក បន្ទាប់ពី​បាន​ជាប់ពន្ធនាគារ​អស់​រយៈពេល១ឆ្នាំ​និង៧ថ្ងៃ៕

What Next?

Recent Articles

One Response to "លោក ​កឹម សុខា ​បាន​ជួប​ម្តាយ​ជរា​ជា​លើក​ដំបូង​ បន្ទាប់​ពី​ជាប់​ពន្ធនាគារ​អស់​រយៈពេល​ជាង​១​ឆ្នាំ​"

  1. Anonymous says:

    OH…GOD……… look so sorry to him and his mother I hop soon you will be free . GOD bless Cambodia